ខណៈពេលច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីធឺណែត កំពុងតែងស្ថិតនៅក្នុងដំណាក់កាលធ្វើសេចក្ដីព្រាងនៅឡើយ។ នៅថ្ងៃទី១៤ខែកញ្ញា២១៥នេះ អង្គការក្រៅរដ្ឋាភិបាល ដែលមានវត្តមាននៅក្នុងស្រុកចំនួន១៩ បានធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាចំនួន៩ ចំណុច ដាក់ទៅរាជរដ្ឋាភិបាល។ គោលការណ៍ទាំងនោះធ្វើឡើង ក្នុងបំណងស្នើឲ្យរដ្ឋាភិបាល បញ្ចូលគោលការណ៍ នៃសិទ្ធិដែលខ្លួនបានពិភាក្សាចប់សព្វគ្រប់នោះ ទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ដោយធ្វើយ៉ាងណាឲ្យច្បាប់នោះ ចូលរួមការពារការបញ្ចេញមតិ របស់សាធារជន ច្រើនជាងការចាប់ ដាក់ទោស។
ដោយសារតែយល់ឃើញថា សេរីភាពនិងការបញ្ចេញមតិទៅលើប្រព័ន្ធអ៊ីនធឺណែត នឹងអាចត្រូវបានរឹតត្បិត នៅពេលខាងមុខ សង្គមស៊ីវិលចំនួន១៩បានរៀបចំវេទិកាសន្និសីទសារព័ត៌មានមួយ ស្ដីពី គោលការណ៍សិទ្ធិ និងសេរីភាពអ៊ីនធឺណែតនៅកម្ពុជា ។ ក្នុងវេទិកាសន្និសីទសារព័ត៌មានដែលរៀបចំធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ អង្គការចំនួន១៩ បានលើកអនុសាសន៍ចំនួន៩ចំណុច ដាក់ជូនរាជរដ្ឋាភិបាល ដែលកំពុងតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ។ថ្លែងក្នុងសន្និសីទនោះ មន្ត្រីផ្នែកទំនាក់ទំនងនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រពន្ធផ្សព្វផ្សាយឯករាជ្យ លោក សូ សុទ្ធី បានលើកឡើងថា គោលបំណងសំខាន់ ដែលអង្គការក្រៅរដ្ឋាភិបាល បញ្ចេញនូវគោលការណ៍សំខាន់ទាក់ទងទៅនឹងសិទ្ធិ និងសេរីភាពសាធារណជន ដាក់បញ្ចូលទៅក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតនេះ ក៏ព្រោះតែ ពួកលោកចង់ចូលរួមចំណែក យ៉ាងណាធ្វើឲ្យសេចក្ដីព្រាងច្បាប់នោះ ចូលរួមការពារ ការបញ្ចេញមតិយោបល់ របស់សាធារជនច្រើន ជាជាងការចាប់ដាក់ទោស។ លោកថា “ការបញ្ចេញមតិ ដើម្បីការស្ថាបនាការ ធ្វើឲ្យមានការល្អប្រសើរហ្នឹង ត្រូវតែមានការការពារ ជាជាងនូវការដាក់ទោសទៅលើគាត់។ ទោះបីជាការបញ្ចេញមតិខ្លះ វាអាចមិនសូវជាពេញចិត្ត ទទួលការពេញចិត្ត ពីសំណាក់មន្ដ្រី ឬក៏រដ្ឋាភិបាល ឬក៏ជនមួយចំនួនក៏ដោយ ប៉ុន្ដែយើងត្រូវគិតថា ហ្នឹងដើម្បីផលប្រយោជន៍ប្រទេសយើងទាំងមូល។”
ជាមួយគ្នានេះដែរមន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិនៃអង្គការ អេកស៊ិនអេដ លោកស្រីប៊ុន រចនា មានប្រសាន៍លើកឡើងដែរថា សេរីភាពនៃការបញ្ចេញមតិ លើប្រព័ន្ធអ៊ីនអឺណែត សម្រាប់កម្ពុជា មានភាពល្អប្រសើរមួយចំនួន ប៉ុន្ដែនៅមានកម្រិតលើសេរីភាព និងមិនទាន់មាន ភាពច្បាស់លាស់ នៅឡើយ ។ លោកស្រីថា “យើងឃើញហើយថា អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនហ្នឹង គឺត្រូវបានចោទប្រកាន់ ដោយសារការប្រើប្រាស់ភាសាមិនសមរម្យអ៊ីចឹង ។ អ៊ីចឹងនៅក្នុងបរិបទហ្នឹង យើងមើលទៅឃើញថា វាអត់ទាន់មានការបកស្រាយឲ្យបានទូលំទូលាយថា អ្វីជាសិទ្ធ ហើយអ្វីដែលប៉ះពាល់ ទៅដល់បញ្ហាសន្តិសុខជាតិនៅឡើយទេ។”
ទាក់ទងនឹងការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាល ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតនេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលអត់ទាន់មានគោលជំហរអ្វីក្នុងរឿងនោះទេ។ លោកថា“អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនគឺទទួលលុយខាងក្រៅ ដែលគេដើរតួជាភ្នាក់ងារបរទេស ហើយអ្វីដែលគាត់ស្លន់ស្លោរ អាណឹងជារឿងរបស់គាត់។ ក៏ប៉ុន្ដែចំពោះ រដ្ឋាភិបាល គោលជំហរ រដ្ឋាភិបាលយើងអត់ទាន់មានគោលជំហរអ្វីទេ។”
សូមជម្រាបថា គោលការណ៍៩ចំណុចដែលអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានស្នើដល់ដ្ឋាភិបាល ឲ្យធ្វើការដាក់បញ្ចូល ទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែតនៅព្រឹកថ្ងៃ ចន្ទ នេះរួមមាន៖ គោលការណ៍នៃការពារសិទ្ធិមនុស្សលើអ៊ីនធឺណែត គោលការណ៍នៃការប្រើប្រាស់អ៊ីនធឺណែត គោលការណ៍ខាងបញ្ចេញមតិលើអ៊ីនធឺណែត គោលការណ៍នៃសិទ្ធិ ប្រមូលផ្ដុំ និងចូលរួមលើអ៊ីនធឺណែត គោលការណ៍នៃសិទ្ធិទទួលបានព័ត៌មានលើអ៊ីនធឺណែត គោលការណ៍នៃសិទ្ធិឯកជនភាពលើអ៊ីនធឺណែត គោលការណ៍សិទ្ធិជាម្ចាស់នៃការបង្កើតថ្មី គោលការណ៍នៃការកម្រិតសិទ្ធិ និងគោលការណ៍នៃការគោរពសិទ្ធិអ្នកដទៃលើលំហបច្ចេកវិទ្យា៕