ប្រតិបត្តិការយោធាកងទ័ពជាតិអាហ្គានីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ ១០០ នាក់ និង ៣៥ នាក់ផ្សេងទៀតរងរបួស។
យោងប្រភពព័ត៌មាន CNN ផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ ឲ្យដឹងថា កងទ័ពជាតិអាហ្គានីស្ថានបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ ១០០ នាក់ក្នុងអំឡុងពេលប្រតិបត្ដិការយោធាជាច្រើនអនុវត្តនៅទូទាំងប្រទេស នៅចុងសប្ដាហ៍នេះ។
ក្រសួងការពារជាតិអាហ្គានីស្ថានឲ្យដឹងថា ប្រតិបត្ដិការនោះធ្វើឡើងនៅក្នុងខេត្តចំនួន ១១ ក្នុងចំណោមខេត្តទាំង ៣៤ របស់ប្រទេសអាហ្គានីស្ថាន ដោយប្រើរយៈពេល ២៤ ម៉ោង កាលពីរសៀលថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យម្សិលមិញ។ ក្រសួងការពារជាតិអាហ្គានីស្ថាន បានចេញសេចក្ដីថ្លែងការណ៍ថា មានទាហានរបស់ខ្លួនម្នាក់បានស្លាប់នៅក្នុងប្រតិបត្ដិការនោះដែរ។
នៅសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងបន្ថែមទៀតថា ការប្រយុទ្ធគ្នានេះ ទាហ៊ានរដ្ឋាភិបាល ចាប់បានក្រុមឧទ្ទាមរងរបួសចំនួន ៣៥ នាក់យកទៅឃុំឃាំង។ ក្រុមទាហ៊ានជាតិអាហ្គានីស្ថានបាននិយាយថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់សមរភូមិចំនួន ៣០ កន្លែងនិងរឹបអូសកន្លែងលាក់ទុកសព្វាវុធរបស់ក្រុមឧទ្ទាម ព្រមទាំងគ្រាប់មីនច្រើនគ្រាប់ផងដែរ ៕