សេតវិមានបាននិយាយថា គោលដៅរបស់អាមេរិកគឺមិនអោយរបបក្រុងព្យុងយ៉ាងមានអាវុធនុយក្លែអ៊ែរជាដាច់ខាត ហើយការដាក់ទណ្ឌកម្មនៅតែបន្តលុះត្រាតែអាវុធនុយក្លេអ៊ែរនៃប្រទេសកុំម្មុយនិស្តមួយនេះ ត្រូវបានរំលាយទាំងស្រុង។
មន្ត្រីព័ត៌មានសេតវិមាន លោកស្រី Sarah Huckabee Sanders និយាយថា អាមេរិកមិនធ្វើអោយមានកំហុស ដូចការចរចាកាលពីមុនៗនោះទេ។ អាមេរិកនៅមិនទាន់ទុកចិត្តលើរបបក្រុងព្យុងយ៉ាងនៅឡើយគឺរហូតកូរ៉េខាងជើងអនុវត្តជាក់ស្ដែងការធ្វើអោយឧបទ្វីបគ្មានអាវុធនុយក្លេអ៊ែរ។
លោកស្រីអ្នកនាំពាក្យសេតវិមានបានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ ចន្ទ ទី ២៣មេសា។
លោកស្រីព្រមានថា អាមេរិកនៅតែបន្តគាបសង្កត់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មការទូតលើរបបក្រុងព្យុងយ៉ាងរហូតមានកិច្ចព្រមព្រៀងជាផ្លូវការទាក់ទងការរំលាយអាវុធនុយក្លេអ៊ែរ។
ការប្រកាសជំហររបស់សេតវិមានធ្វើឡើងមួយសប្ដាហ៍ បន្ទាប់ពីរបបក្រុងព្យុងយ៉ាងសន្យាថា នឹងព្យួរកម្មវិធីអាវុធនុយក្លេអ៊ែរ និងការបាញ់សាកល្បងកាំជ្រួច។
តាមបណ្ដាញផ្សាយព័ត៌មាន អាមេរិក KBS World Radio News លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីកូរ៉េខាងត្បូងម៉ូន ចាវអ៊ីននឹងជួបគ្នានៅថ្ងៃទី ២៧មេសា ដែលជំនួបនោះ នាំអោយកូរ៉េខាងជើងបន្ទន់ជំហរប្រឆាំងអាមេរិក។ គេរំពឹងថា ក្រោយពីជំនួបកំពូលនេះ លោក គីម ជុងអ៊ុន នឹងជួបប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ ២០១៨នេះ៕
The post អាមេរិក៖គ្មានការលុបចោលទណ្ឌកម្មទេលុះត្រាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានរំលាយទាំងស្រុង appeared first on WMC.