អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានអះអាងថា រដ្ឋាភិបាលគ្មានគម្រោងនឹងចុះទៅផ្ទៀងផ្ទាត់ផែនទីជាមួយផែនដីឡើយ។ ការលើកឡើងរបស់អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ហាក់មិនស្របគ្នាទៅនិងប្រធានក្រុមការងារស្រាវជ្រាវព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា ដែលធ្លាប់បានអះអាងថា ក្រោយពីផ្ទៀងផ្ទាត់ផែនចប់សប់គ្រប់នឹងបន្តចុះទៅដល់បង្គោលព្រំដែនថែមទៀត។ ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា នេះគ្រាន់តែជាឆាក់ល្ខោនរៀបចំទុកមុន សម្រាប់សម្តែងឲ្យពលរដ្ឋមើលថារាជរដ្ឋាភិបាលកំពុងតែធ្វើត្រឹមត្រូវតាមនីតិវិធីប៉ុណ្ណោះ។
អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានផ្តល់បទសម្ភាសន៍ទៅឲ្យសារព័ត៌មានក្នុងស្រុកមួយថា រដ្ឋាភិបាលគ្មានគម្រោងនឹងចុះទៅផ្ទៀងផ្ទាត់ផែនទីជាមួយផែនដីឡើយ ដោយសារលោកស្រីអះអាងថា កន្លងមករដ្ឋាភិបាលបានធ្វើកិច្ចការបោះបង្គោលព្រំដែននេះ បានយ៉ាងត្រឹមត្រូវ។ ការលើកឡើងរបស់អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរូបនេះ ហាក់ដូចជាផ្ទុយគ្នាទៅនិងប្រធានក្រុមការងារស្រាវជ្រាវព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា ដែលធ្លាប់បានអះអាងថា ក្រោយពីផ្ទៀងផ្ទាត់ផែនទីចប់សប់គ្រប់ ក្រុមលោកនឹងបន្តចុះទៅដល់បង្គោលព្រំដែនផ្ទាល់តែម្តង។
លោក សុខ ទូច បានថ្លែងនៅពិធីប្រគល់ផែនទីរបស់គណបក្សប្រឆាំងឲ្យទៅ ក្រុមការងារស្រាវជ្រាវព្រំដែននៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃទី១០សីហាកន្លងទៅ នៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ យ៉ាងដូច្នេះថា «មិនមែនគ្រាន់តែមើលនៅលើក្រដាសនោះទៀតទេ ទៅមើលការពិតទៀត ពេលរកការពិតហើយ យើងទៅសួរអ្នកបោះ(បង្គោលព្រំដែន)ថា អ្នកបោះឯងដូរកន្លែងណាប្រាប់ខ្ញុំផង មិនមែនដូរស្ងាត់ៗទេ ដូរប្រាប់ផង បើអត់ប្រាប់ទេ ខ្ញុំទៅប្រាប់អ្នកនោះថាប្រាប់ខុសកុំបន្ទូសខ្ញុំ ព្រោះខ្ញុំឃើញអញ្ចឹង»។
ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការសង្គម លោក កែម ឡី មានប្រសាសន៍ថា ការលើកឡើងនេះ គ្រាន់តែជាឆាក់ល្ខោនរបស់រាជរដ្ឋាភិបាលកំពុងសម្តែងឲ្យប្រជាពលរដ្ឋមើលថា ខ្លួនកំពុងតែដើរលើផ្លូវត្រឹមត្រូវប៉ុណ្ណោះ។ លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាលធ្វើដូចការលើកឡើងរបស់លោក ស្រី កុយ ពិសី ពិតមែននោះ អាចនឹងមានការប្រតិកម្មពីប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនដែលបាត់បង់ដីស្រែរបស់ពួកគេជាមិនខាន។
ចំណែកឯលោកបណ្ឌិត រស់ រ៉ាវុធ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយពន្យល់ថា ក្រុមការងារស្រាវជ្រាវព្រំដែននៃរាជបណ្ឌិតសភាកម្ពុជាដែលដឹកនាំដោយលោក បណ្ឌិត សុខ ទូច មានតួនាទីត្រឹមតែធ្វើការស្រាវជ្រាវទៅលើបញ្ហាបោះបង្គោលព្រំដែន បន្ទាប់មកនឹងធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋាភិបាល ដូច្នេះការលើកឡើងរបស់គណៈកម្មាធិការកិច្ចការព្រំដែនអាចនឹងខុសគ្នា គ្រាន់តែរួមដំណើរតែមួយប៉ុណ្ណោះ។ «យើងអាចនិយាយថា ការងារមិនជាប់ទាក់ទងគ្នា តែរួមដំណើរតែមួយកន្លែងនេះ ព្រោះយើងនិយាយពី ព្រំដែនតែមួយ ប៉ុន្តែគ្រាន់តែក្រុមផ្សេងគ្នា យើងត្រូវគិតពីគោលបំណង់របស់ក្រុម ស្រាវជ្រាវ គឺបានត្រឹមតែធ្វើសំណើរទៅអ្នកនយោបាយ ចំណែកឯយក មិនយកជារឿងរបស់អ្នកដឹកនាំ»។
ជុំវិញការលើកឡើងនេះ វិទ្យុស្ត្រីនៃ WMC មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាននោះទេ នៅរសៀលថ្ងៃទី០២ កញ្ញានេះ ។ ប៉ុន្តែ កាលពីម្សិលម៉ិញ លោក យឹម សុវណ្ណ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកមួយថា ការផ្ទៀងផ្ទាត់ផែនទីជារឿងសំខាន់មួយ តែរឿងដែលសំខាន់មួយទៀត គឺការផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែង ត្រូវតែធ្វើឡើងដោយមានតម្លាភាព និងមានការចូលរូមពីគ្រប់ភាគីពាក់ព័ន្ធ។