កោះកុង៖ ក្រោយពីអាជ្ញាធរខេត្តកោះកុងបានខ្លួនយុវជនចលនាមាតាធម្មជាតិ ៣ នាក់ កាលពីជិត ២០ ថ្ងៃមុននោះ ប្រជាសហគមន៍មកពីស្រុកទាំងប្រាំនៃខេត្តកោះកុង បានតវ៉ាឥតឈប់ឈរ ក្រោមកម្ដៅថ្ងៃ និងដំណក់ទឹកភ្លៀង ដើម្បីទាមទារឲ្យអាជ្ញាធរ ដោះលែងអ្នកទាំងបីនោះ។ នៅថ្ងៃទី ០១ ខែកញ្ញានេះ ប្រជាពលរដ្ឋថា អាជ្ញាធរឲ្យពួកគាត់ដាក់ញត្តិនៅសាលាខេត្ត ប៉ុន្តែអាជ្ញាធរខេត្តមិនបានដោះស្រាយបញ្ហារបស់ពួកគាត់ទេ បែរជាចេញសេចក្ដីជូនដំណឹងលើកទីបី ឲ្យពួកគាត់ឈប់តវ៉ានៅមុខសាលាខេត្តតទៅទៀត ។
យុវជនទាំងបីនាក់នោះ គឺលោក លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង ។ អ្នកទាំងបីត្រូវបានអាជ្ញាធរស្រុកបុទុមសាគរ ខេត្តកោះកុង ចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៥ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនៅថ្ងៃជាមួយថ្ងៃនោះ ។
ប្រជាសហគមន៍ភូមិអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង អ្នកស្រី សុត សាវី បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃអង្គារ ទី ០១ ខែកញ្ញា ឆ្នាំ ២០១៥ នេះថា ក្រោយពីដើរហែក្បួនតាមផ្លូវនានា ក្រុមអ្នកតវ៉ាបានធ្វើដំណើរទៅដល់មុខសាលាខេត្ត ហើយនៅទីនោះមានការប៉ះទង្គិចមួយប្រាវរវាងអ្នកតវ៉ា និងសមត្ថកិច្ចបណ្ដាលឲ្យមានអ្នករងរបួសមួយចំនួន ។
អ្នកស្រី សុត សាវី បន្ថែមថា អ្នកស្រីថា ពួកគាត់នឹងតវ៉ារហូតដល់មានការដោះលែងយុវជនមាតាចលនាធម្មជាតិទាំងបីរូបនោះ «ដំណោះស្រាយថា បីនាក់ហ្នឹងអាចចេញថ្ងៃណា បានពួកខ្ញុំឈប់ ព្រោះអី បានពួកខ្ញុំពលរដ្ឋទាំងអស់គ្នានេះជួយនេះ ព្រោះអីគាត់នេះមនុស្សការពារធនធានធម្មជាតិ ការពារកន្លែងជម្រកត្រីដែលពួកខ្ញុំហ្នឹងវេទនា ដែលថាសាឡង់មកចូលហ្នឹង ពួកខ្ញុំវេទនារកអីមិនបានហ្នឹង គ្នាអ្នកស្លូតត្រង់ការពារធនធានធម្មជាតិ។ ពួកខ្ញុំហ្នឹងតស៊ូដរាបណាបានអ្នកទាំងបីនាក់ហ្នឹងចេញវិញណាអូន!»
ប្រជាសហគមន៍មកពីឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានចូលរួមក្នុងការដើរហែក្បួននាព្រឹកមិញនេះដែរ អ្នកស្រី ផាវ ញើង មានប្រសាសន៍ថា ក្នុងការប៉ះទង្គិចនោះ សមត្ថកិច្ចប៉េអ៊ឹម ស្លៀកពាក់ខោអាវស៊ីវិល បានវាយតប់លើអ្នកតវ៉ា ហើយរូបគាត់ដែលជាស្ត្រីមានកូនខ្ចី សរសៃខ្ចី ក៏ត្រូវគេវាយចំទ្រូងមួយដៃដែរ។
អ្នកស្រីបញ្ជាក់ថា គាត់ជាអ្នកបានចូលដាក់ញត្តិនៅសាលាខេត្តនាព្រឹកមិញ ក្នុងនោះមានប្រធានរដ្ឋបាលសាលាខេត្ត និងអភិបាលក្រុងខេមរៈភូមិន្ទជាអ្នកទទួល។ អ្នកស្រីថា ពួកគេមិនបានសន្យាដោះស្រាយរឿងដោះលែងយុវជនទាំង៣នាក់នោះទេ ដោយគ្រាន់តែថា នឹងពិភាក្សាជាមួយអភិបាលខេត្ត ហើយនឹងជូនដំណឹងដល់អ្នកតវ៉ានៅល្ងាចនេះ។ ប៉ុន្តែអ្នកស្រីថា អាជ្ញាធរខេត្តមិនបានឆ្លើយតបនឹងញត្តិរបស់ប្រជាសហគមន៍ទេ បែរជាចេញសេចក្ដីជូនដំណឹងបណ្ដេញពួកគាត់ជាលើកទីបី មិនឲ្យជួបជុំគ្នានៅមុខសាលាខេត្តទៅវិញ «អភិបាលក្រុងខេមរៈភូមិន្ទហ្នឹងគាត់និយាយថា នៅពេលដែលបងប្អូនមកបង្កបញ្ហាដើររញ៉េរញ៉ៃអត់ជូនអត់ជូនអីហ្នឹង ប្រជាពលរដ្ឋខេត្តកោះកុងហ្នឹងគាត់ភ័យខ្លាច។ អញ្ចឹងទី១ គឺអភិបាលក្រុងគាត់ថា គាត់នឹងប្រជុំជាមួយអភិបាលខេត្តឥឡូវហ្នឹងភ្លាមៗ ហើយថ្ងៃរសៀលបន្តិចគាត់នឹងមកជួបពួកខ្ញុំនៅតារាងបាល់ហ្នឹង។ ប៉ុន្តែចៃដន្យអាក្រក់ ដែលគាត់កុហកយើង គាត់យកតែលិខិតមកបណ្ដេញយើងចេញទៀតហើយលើកទី៣»។
វិទ្យុស្ត្រីមិនអាចទាក់ទងអភិបាលខេត្តកោះកុង លោក ប៊ុន លើត ដើម្បីសុំការឆ្លើយតបទៅនឹងញត្តិរបស់ប្រជាពលរដ្ឋទាំងនោះបានទេ ដោយទូរសព្ទចូល តែមិនមានអ្នកទទួល ។
សូមរំឭកថា យុវជនជាសកម្មជនចលនាមាតាធម្មជាតិទាំងបីរូប ត្រូវបានសមត្ថកិច្ចខេត្តកោះកុងចាប់ និងឃុំខ្លួននៅពន្ធនាគារខេត្តអស់រយៈពេល ១៧ ថ្ងៃហើយគិតត្រឹមថ្ងៃទី ០១ ខែកញ្ញានេះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ ដែលពួកគេធ្វើសកម្មភាពបណ្ដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុន។
សូមជម្រាបដែរថា ចាប់តាំងពីមានការចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិទាំង ៣ រូបនោះ ប្រជាសហគមន៍ទាំងប្រាំស្រុកនៃខេត្តកោះកុង បានតវ៉ាជារៀងរាល់ថ្ងៃក្រោមកម្ដៅថ្ងៃ និងទឹកភ្លៀង ដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនោះ។ ក្នុងរយៈពេលនេះដែរ មានការគំរាមកំហែងដល់ភូមិស្រុករបស់ប្រជាសហគមន៍ទាំងនោះ ថានឹងចាប់ខ្លួនអ្នកចូលរួមតវ៉ាទាំងនោះថែមទៀត៕