ភ្នំពេញ ៖ តុលាការកំពូលនៅថ្ងៃទី០៩ កុម្ភៈនេះ បានច្រានចោលបណ្ដឹងសារទុក្ខរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ដោយតម្កល់ សាលក្រម របស់តុលាការរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ។

យ៉ាងណាខណៈឆ្មាំពន្ធនាគារនាំឡើងរថយន្តលោក អ៊ុំ សំអាន អ្នករិះគន់រាជរដ្ឋាភិបាលឥតសំចៃមាត់ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម បានហៅសាលដីកានេះថា «ជារឿងអយុត្តិធម៌ណាស់ ព្រោះខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ»។
សាលាដំបូងរាជធានីភ្នំពេញកាលពីខែតុលាឆ្នាំ ២០១៦ កន្លងទៅ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀលពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងកាលពីក្នុងអំឡុងឆ្នាំ ២០១៥ រហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦។
ដូចគ្នានេះដែរ សាលាឧទ្ធរណ៍ កាលពីខែធ្នូ ឆ្នាំ ២០១៦ បានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់ទុកថា សមហេតុផល និង ត្រឹមត្រូវតាមផ្លូវច្បាប់។
លោក អ៊ុំ សំអាន ក៏ត្រូវបានតុលាការបដិសេដបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្នជាច្រើនលើកច្រើនសារផងដែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាបរូបនេះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃចាប់ខ្លួនទាំងយប់ និងទាំងនៅមានអភ័យឯកសិទិ្ធក្នុងខេត្តសៀមរាប បន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់ចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៦ បន្ទាប់ពីស្នាក់នៅបរទេសមួយរយៈ។
ក្នុងសំណុំរឿង ប្រហាក់ប្រហែលគ្នានេះ លោកហុង សុខ ហួរសមាជិក ព្រឹទ្ធសភា គណបក្សសមរង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំ ពេញ ផ្តនា្ទទោស៧ ឆ្នាំ។ តែលោកត្រូវបាន ដោះលែង ក្រោយពីបានសរសេរសុំទោសសម្ដេចហ៊ុនសែន ។លោក ត្រូវបានដោះលែងកាលពីចុងឆ្នាំ២០១៧ តាមរយ សារលិខិតលើកលែងទោសពី ព្រះមហាក្សត្រ៕
The post តុលាការកំពូលទាត់ចោលបណ្ដឹងសារទុក្ខប្ដឹងដោយលោក អ៊ុំ សំអាន ក្នុងសំណុំរឿងព្រំដែន appeared first on WMC.