ភ្នំពេញ៖អង្គការការពារសិទ្ធិមនុស្ស(Civil Rights Defenders)បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាន។មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបដិសេធរបាយការណ៍នេះ។
អង្គការការពារសិទ្ធិមនុស្ស(Civil Rights Defenders) បានចេញសេចក្តីថ្លែងការណ៍ដោយក្រោមចំណងជើងថា«បញ្ចប់ការយាយីខាងតុលាការនិងនិទណ្ឌភាពចំពោះការវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាននៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ Civil Rights Defenders ធ្វើឡើ់ងក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពនៃបទឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មានគួរត្រូវក្រោកឈរឡើងដើម្បីបញ្ចប់ការបង្ក្រាបនិងការរំលោភបំពានលើអ្នកសារព័ត៌មានឯករាជ្យ។
អង្គការការពារសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់និទណ្ឌភាពនិងបញ្ចប់ការប្រើប្រាស់ប្រព័ន្ធតុលាការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យសក្រសួងព័ត៌មានប្រាប់វិទ្យស្ត្រីថាការបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស(Civil Rights Defenders)មិនបង្ហាញតថភាពពិតនៅកម្ពុជាទេ។អ្នកនាំពាក្យរូបនេះបញ្ជាក់ថាអ្នកសារព័ត៌មាននៅកម្ពុជាកំពុងត្រូវបានលើកកម្ពស់និងការការពារដោយច្បាប់និងរដ្ឋធម្មនុញ្ញ។
«អ្នកសារព័ត៌មានកំពុងតែធ្វើការយកព័ត៌មានរបស់គាត់ទៅតាមការធានាដោយច្បាប់រដ្ឋធម្មនុញ្ញ។ជាសព្វមួយដងខ្ញុំមិនទទួលស្គាល់របាយការណ៍របស់គាត់ទេ ព្រោះគាត់ចម្លងមកដូរតែថ្ងៃខែគាត់និយាយដដែលៗ។អ្នកសារព័ត៌មានតម្រូវការតែមួយគឺព្យាយាមធ្វើយ៉ាងណាទៅតាម វិជ្ជាជីវៈរបស់យើងកុំឲ្យដើរផុតពីគន្លងវិជ្ជាជីវៈ ខ្ញុំគិតថាអត់មានបញ្ហាទេអ្នកទាំងអស់គ្នា។»
យោងតាមអង្គការ UNESCO ចាប់តាំងពីឆ្នាំ២០១៦ អ្នកសារព័ត៌មានប្រហែលជា៩៣០នាក់ នៅទូទាំងពិភពលោកត្រូវបានសម្លាប់ដោយសារការរាយការណ៍របស់ពួកគេ។
កាលពីឆ្នាំ២០១៣ មហាសន្និបាទអង្គការសហប្រជាជាតិបាន អនុម័តដំណោះស្រាយមួយបង្កើតឡើង នៅ ថ្ងៃទី២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹង សារព័ត៌មាន។
ចាប់តាំងពីឆ្នាំ១៩៩៣ យ៉ាងហោចណាស់អ្នកកាសែត១៣នាក់ត្រូវបានសម្លាប់នៅប្រទេសកម្ពុជាដោយគ្មានការផ្តន្ទាទោសជនល្មើសទេ។
ដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងនៅខែកក្កដាខាងមុខនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយប្រហារប្រឆាំងនឹងសេរីភាពបញ្ចេញមតិ។កាលពីខែសីហាវិទ្យុចំនួន៣០ត្រូវបានបិទ ការផ្សាយដូចជាវិទ្យុអាស៊ីសេរី(RFA)ដែលមានវត្តមាននៅក្នុងកម្ពុជាប្រមាណ២០ឆ្នាំ។
កាសែតឯករាជ្យជាភាសាអង់គ្លេស Cambodia Daily ត្រូវបានបង្ខំឲ្យបិទប្រតិបត្តិការដែលមាន វត្តមាននៅកម្ពុជារយៈពេល២៤ឆ្នាំដោយតម្រូវការបង់ពន្ធចំនួន៦,៣លានដុល្លារអាមេរិក។
អ្នកកាសែតចំនួនពីរនាក់នៅប្រទេសកម្ពុជាលោក អូន ភាព និងលោក Zsomber Peterត្រូវបានគេប្តឹងពីបទញុះញង់តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌជាបទឧក្រិដ្ឋអាចជាប់ពន្ធនាគាររយៈពេលពីឆ្នាំដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សដែលសម្តែងមតិដោយសន្តិវិធី៕
The post អង្គការការពារសិទ្ធិមនុស្សអំពាវនាវកម្ពុជាបញ្ចប់និទណ្ឌភាពលើអ្នកសារព័ត៌មាន appeared first on WMC.