ភ្នំពេញ៖ លោក ជួប សម្លាប់ ដែលអះអាងខ្លួនឯងថា ជាខ្មាន់កាំភ្លើង បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ត្រូវបាន បញ្ជូនមកសាកសួរបន្ថែមនៅ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ដែលមានរយៈពេល ១ខែ ២ថ្ងៃ ចាប់តាំងពីថ្ងៃទី១០ កក្កដា។

លោក ជួប សម្លាប់ ដែលអះអាងខ្លួនឯងថា ជាខ្មាន់កាំភ្លើង បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី
ជននេះបានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី កាលពីថ្ងៃម្សិលមិញ អ្នកស្រី ប៊ូ រចនា បាននិយាយថា អ្នកស្រីមិនមានជំនឿចិត្តថា នឹងបានយុត្តិធម៌សម្រាប់ ប្ដីរបស់អ្នកស្រីគឺលោកបណ្ឌិតនោះទេ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។
លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀតចំដើមដៃធ្លាយ ទៅដល់ក្រោមដោះ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ករណីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដល់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ហើយ សម្ដេចនាយករដ្ឋមន្ត្រីក៏ថ្កោលទោសអំពើនេះផងដែរ។ តែអ្នកសង្កេតការណ៍ឯករាជ្យ មិនជឿថា ជារឿងគំនុំ បុគ្គលដោយសាររឿងជំពាក់ លុយនោះទេ៕