ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងប្រាប់សកម្មជនគណបក្សរបស់ខ្លួនថា គណបក្សសង្រ្គោះជាតិនឹងទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកអះអាងដូច្នេះ ដោយសារតែលោកមើលឃើញថា គណបក្សសង្គ្រោះជាតិ មានប្រៀបជាងគណបក្សដទៃទៀត ទំាងគោលនយោបាយ រចនាសម្ព័ន្ធ និងសកម្មភាពរបស់បក្សជាដើម។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសសុពលភាពថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិខេត្តនិងក្រុង-ស្រុកទាំង៨ កាលពីរសៀលថ្ងៃទី០២ ខែសីហា ម្សិលម៉ិញនេះ។
លោក កឹម សុខា បានថ្លែងទៅកាន់សកម្មជនគណបក្សរបស់ខ្លួនថា គណបក្សសង្រ្គោះជាតិអាចនឹងទទួលបានជ័យជំនៈ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ សង្ឃឹមឈ្នះការបោះឆ្នោតនៅពេលខាងមុខត្រង់ថា បក្សនេះមានប្រៀបជាងគណបក្សដទៃទៀត ទាំងគោលនយោបាយ រចនាសម្ព័ន្ធ និងសកម្មភាពបក្សជាដើម។
សំឡេង៖
ទោះបីជាលោក កឹម សុខាថ្លែងថាបក្សរបស់លោកមានប្រៀបជាងគណបក្សដទៃក៏ដោយ សម្រាប់លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកវិភាគឯករាជ្យមួយរូប មើលឃើញថា ទាំងគោលនយោបាយ ទាំងរចនាសម្ព័ន្ធ និងសកម្មភាពបក្សនេះគឺមិនឃើញមានអ្វីផ្លាស់ប្តូរជាដុំកំភួននិងប្លែកថ្មីជាងគោលនយោបាយចាស់នៅឡើយទេ។ អ្នកវិភាគឯករាជ្យមួយរូបនេះបានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិអាចនឹងមានឱកាសច្រើនក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ ប្រសិនបើបក្សប្រឆំាងធំមួយនេះ មិនបែកបាក់ផ្ទៃក្នុងបក្សរបស់ខ្លួននោះ។ យ៉ាងណាក៏ដោយមិនមែនមានន័យថា បក្សសង្គ្រោះជាតិអាចនឹងឈ្នះឆ្នោតនោះទេ ព្រោះអាស្រ័យទៅលើភាពខ្លំាងនិងគោលនយោបាយដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃផងដែរ។
សំឡេង៖
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ វិញបាននិយាយថា ការថ្លែងរបស់លោក កឹម សុខា នៅពេលនេះគឺជាការកំប្លែងផ្នែកនយោបាយប៉ុណ្ណោះ។ លោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងដឹកនាំប្រទេសនៅអាណត្តិក្រោយៗទៀត។
សំឡេង៖
សូមបញ្ជាក់ថា ស្របពេលដែលគណបក្សមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ អះអាងដូចៗគ្នាថា គណបក្សខ្លួននឹងឈ្នះឆ្នោតនៅអាណត្តិក្រោយនោះ បច្ចុប្បន្នមានគណបក្សតូចៗមួយចំនួនទៀត កំពុងតែលេចចេញជារូបរាងឡើងជាបន្តបន្ទាប់ មានដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបតែបង្កើតគណៈកម្មកាបណ្តោះអាសន្ននិងមានក្បាលម៉ាស៊ីនដឹកនាំដោយលោក យ៉េង វីរៈ គណបក្សអំណាចខ្មែរដឹកនំាដោយលោក សួន សេរីរដ្ឋា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ជាដើម៕