ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គា ដែលទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅព្រឹកមិញនេះបាន ហៅអ្នកវិភាគបញ្ហាសង្គមរូបនេះថា ជាមនុស្សក្លាហាន ដើម្បី អភិវឌ្ឍន៍ប្រទេសជាតិ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គា ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅព្រឹកមិញនេះ។
ដោយទឹកមុខក្រៀមក្រំ លោក ចច អេដហ្គា បានទាញប៊ិច ចារលើកំណត់ហេតុ នៃសៀវភៅ មរណៈទុក្ខសព លោកបណ្ឌិត កែម ឡី។
លោកបានចារដូចនេះថា៖«តាងនាមឱ្យគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាយើង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសាររបស់លោក កែម ឡី ដែលបានបាត់បង់ ស្វាមី និងឪពុកជាទីស្រឡាញ់។ក្នុងន័យនេះ ខ្ញុំសូមសម្ដែងក្ដីរន្ធត់ ឃាតកម្មលើបុរសម្នាក់ ដែលជាមនុស្សក្លាហាន សុច្ចរឹត ស្វែងរកការគាំទ្រ ដើម្បីអភិវឌ្ឍន៍ប្រទេស។ ជាមួយគ្នានេះ ទឹកចិត្តយើង គឺនៅជាមួយគ្រួសារ និងមិត្តភ័ក្ដរបស់លោក ក្នុងអំឡុងពេលវេលាដ៏សោកសៅនេះ»។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ចច អេដហ្គា ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅព្រឹកមិញនេះ។
លោក ចច អេដហ្គា ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកតែងតែសម្ដែងការព្រួយបារម្ភអំពី សិទ្ធិសេរីភាពសម្ដែងមតិ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែលអ្នកសង្កេតការណ៍ថាបានធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ សហភាពអឺរ៉ុបបច្ចុប្បន្នមានប្រទេស២៧ជាសមាជិកហើយបើរាប់ទាំងប្រទេសអង់គ្លេសទៀតមាន ២៨ប្រទេស។
លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅកណ្ដាលថ្ងៃកាលពីថ្ងៃទី ១០កក្កដា ២០១៦ ដោយ ក្មាន់កាំភ្លើង ម្នាក់ដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់។ សព លោក កែម ឡី នឹងត្រូវហែរទៅបញ្ចុះនៅស្រុកកំណើតរបស់គាត់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃអាទិត្យទី២៤ កក្កដាចុងសប្ដាហ៍នេះ៕