ភ្នំពេញ ៖ អ្នកវិភាគពិនិត្យឃើញថា សង្គមកម្ពុជា បច្ចុប្បន្នមានការបែងចែកក្រុមបក្សពួក និន្នាការ និងវណ្ណៈ ដែលនាំឱ្យ មានសម្អប់ក្នុងសង្គម ។ អ្នកវិភាគយល់ឃើញដូចនេះ នៅពេលពួកគេ សង្កេតឃើញរដ្ឋាភិបាល មិនឱ្យតម្លៃ ឬ ក៏សាទរសកម្មជន ឆ្នើមជាច្រើននៃអង្កការសង្គមស៊ីវិល សហគមន៍ ដីធ្លី ដែល ពួកគេទទួលបានពានរង្វាន់ធំៗពីសហគមន៍ អន្តរជាតិ ហើយរដ្ឋាភិបាលមិនបានសាទរ ពួកគេដូចរដ្ឋាភិបាល ធ្វើឡើងចំពោះសកម្មជនណាមាននិន្នាការ ជាមួយបក្ស ឬ ក្រុមបក្សពួកខ្លួន ។ អ្នកវិភាគថា កត្តានេះហើយ ដែលមានការបែងចែក បក្សពួកក្នុងសង្គម ទៅ រកការបែកបាក់សាមគ្គីភាពជាតិ ។ លោក ធូវិរៈ ជម្រាបជូនទស្សនៈរបស់អ្នកវិភាគ ដូចតទៅ៖

ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ថ្មីៗនេះទើបទទួលបានពានរង្វាន់ដ៏ធំនៃវីរៈជនការពារបរិស្ថានមានឈ្មោះថា The Goldman Environmental Prize ក្នុងតម្លៃទឹកប្រាក់ជិត២សែនដុល្លារអាមេរិក ដោយមូលនិធិមួយរបស់អាមេរិក ដែលមានឈ្មោះល្បីលើពិភពលោក ។
បើគេរាប់ គឺមានសកម្មជនអង្គការ សង្គមស៊ីវិល មិនតិចជាង១០ទេ ដែលបានទទួលពានរង្វាន់ឆ្នើម កម្រិត អន្តរជាតិ និង ពិភពលោក ហើយ ក្នុងចំណោមពួកគេ មានលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានទទួលពានរង្វាន់ណូបែលសន្តិភាព ហៅថា «Ramon Magsaysay» (Romon Magsaysay Award Foundation) កាលពីឆ្នាំ២០១១ ។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលការសរសើរពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៤ នៅពេលដែលលោកស្រីចូលរួមក្នុងជំនួបប្រចាំឆ្នាំសម្រាប់កម្មវិធីផ្ដួចផ្ដើមគំនិតពិភពលោក គ្លីនតុន (Clinton Global Initiative) នៅក្នុងទីក្រុងញូវយ៉កចំពោះការងារការពារសិទ្ធិមនុស្ស ។
ព្រះតេជគុណ លួន សុវ៉ាត បានទទួលពានរង្វាន់ការពារសិទ្ធិមនុស្សអន្តរជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីឆ្នាំ២០១២ ។
លោកស្រីទេពវន្នី សកម្មជនដីធ្លី បឹងកក់ទទួលបានពានរង្វាន់ ស្ត្រីដឹងនាំឆ្នើម សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៣ ។
សកម្មជន ការពារព្រៃឡង់ ផុង សុភ័ក្រ, ភឿន សុភាព ទទួលបានពានរង្វាន់ Equator Prize និងសកម្មជនការពារ សិទ្ធិលំដៅដ្ឋាន លោកស្រី ឡុង គឹមហ៊ាង ទទួលបានរង្វាន់ មួយឈ្មោះថា ម្ចាស់រង្វាន់កែវភ្នែក និងលោកអាត់ធន់ ប្រធានសហភាពការងារកម្ពុជា បានទទួលពានរង្វាន់ ពិពភលោកមួយ នៅប្រទេសណ័រវេស ក្នុងតម្លៃការពារសិទ្ធិ កម្មករ ឬសិទ្ធិការងារ កាលពីឆ្នាំ២០១២ ។
តាមរយៈនេះគេសង្កេតឃើញថា រដ្ឋាភិបាលមិនបានសាទរ សកម្មជនកម្ពុជា ដែលបានទទួលពានរង្វាន់នេះទេ គឺខុសពីសកម្មជន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ដែលមានការគៀងគងសាទរយ៉ាងខ្លាំង ។
ក្រុមអ្នកវិភាគ មើលឃើញថាទង្វើនេះគឺជា ការបែកចែងបក្សពួក ហើយមានការបង្កភាពរើសអើងក្នុងសង្គមកម្ពុជា ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានបែងចែងពានរង្វាន់ជា២ប្រភេទ គឺពានរង្វាន់ទី១ មានចរិតនយោបាយ និងពានរង្វាន់កើតចេញពីស្ថាដៃ ។ លោកថាពានរង្វាន់ទទួលបានដោយលក្ខខណ្ឌនយោបាយគ្មានគុណតម្លៃ ដូចពានរង្វាន់កើតចេញពីស្ថាដៃឡើយ ។
លោក កែម ឡី យល់ថារាជរដ្ឋាភិបាលមិនបានឲ្យតម្លៃសង្គមស៊ីវិលដែលទទួលបានពានរង្វាន់ពីសកម្មភាពការពារសិទ្ធិមនុស្ស បរិស្ថានជាដើម គឺជាឧបសគ្គក្នុងការធ្វើនយោបាយប្រជាភិថុតរបស់រាជរដ្ឋាភិបាល ។
អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះមានប្រសាសន៍ថា រាជរដ្ឋាភិបាលគួរតែមានស្តង់ដាជាតិមួយពិតប្រាកដ ក្នុងការលើកដំកើងអ្នកដែលទទួលបានពានរង្វាន់ទាំងជាតិ និងអន្តរជាតិ ដើម្បីធានាមិនមានការបែកចែកបក្សពួកនោះ ។

លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ទទួលបានពានរង្វាន់សន្តិភាពអន្តរជាតិ ហៅថា GUSI Peace Prize ប្រចាំប្រទេសហ្វីលីពីន កាល ពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពអន្តរជាតិ ហៅថា GUSI Peace Prize ប្រចាំប្រទេសហ្វីលីពីន កាល ពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ លោក ហ៊ុន ម៉ានី ទទួលបានពានរង្វាន់មួយទៀតគឺ ពានរង្វាន់ Guinness World Record ដែលលោកបានផ្ទួចផ្តើមគំនិតធ្វើនំអន្សមយក្សដ៏ធំជាងគេលើពិភពលោក ។ នៅពេលលោក ហ៊ុន ម៉ានី មកដល់ប្រទេសកម្ពុជាមានការរៀបចំទទួលសាទរជាខ្លាំង ហើយមានការថ្លែងសារនយោបាយ ពី ស្ថាប័នរដ្ឋទៀតផង ។
អ្នកវិភាគមួយរូបទៀតគឺ លោក សូ ចន្ថា បានលើកឡើងថា រាជរដ្ឋាភិបាលហាក់បែងចែកអ្នកទទួលពានរង្វានជ័យលាភីក្នុងសកម្មភាពការពារធនធានធម្មជាតិ បរិស្ថាន និងការពារសិទ្ធិ ដែលទទួលបានពានរង្វាន់ធំជាដើមថា ជាក្រុមអ្នកប្រឆាំងទៅនិងរដ្ឋាភិបាល ។ លោកបន្តថានេះជាការ បែងចែពណ៌សម្បុរគឺ ធ្វើឱ្យប្រទេសកម្ពុជា មិនអាចស្វែងរកឯកភាពជាតិបានឡើយ ។
លោក សូ ចន្ថា និយាយថា «នៅកម្ពុជាយើងវប្បធម៌លាបពណ៌ វប្បធម៌មិនទទួលការពិតនៅតែបន្តកើតមាន មានន័យថា ភាគីរដ្ឋាភិបាលនៅពេលអង្គការ ឬ NGO ណាមួយមានទស្សនៈការពារធនធានធម្មជាតិ ការពារផលប្រយោជន៍ជាតិ ការពារសិទ្ធិមនុស្សជាដើម រដ្ឋាភិបាលតែងតែចាត់ទុកថាជាក្រុមប្រឆាំង» ។
តែបែបនេះក្ដី អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល វិទ្យុស្ត្រីសុំសម្ភាសន៍ លោក បានអបអរសាទចំពោះប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ទើបនិងទទួលបានពានរង្វាន់ដ៏ធំនៃវីរៈជនការពារបរិស្ថានមានឈ្មោះថា The Goldman Environmental Prize ប៉ុន្តែលោកថារដ្ឋាភិបាលមិនចេញសេចក្តីថ្លែងការណ៍ ឬលិខិតអបអរសាទរជាសាធារណៈនោះទេ ។ លោក ផៃ ស៊ីផាន បានបដិសេធទៅនិងការលើកឡើងរបស់អ្នកវិភាគបញ្ហាសង្គមថារដ្ឋាភិបាលមានបែងចែកបក្សពួកហើយផ្ទុយទៅវិញរដ្ឋាភិបាលផ្តល់តម្លៃអ្នកដែលទទយលបានពានរង្វានគ្រប់និន្នាការនយោបាយដូចគ្នា ។
យ៉ាងណាក៏ដោយអ្នកវិភាគ នៅតែបារម្ភថាសង្គមកម្ពុជានៅតែបន្តបែកចែក ក្រុមបក្សពួក ព័ណសម្បុរ ប្រសិនបើ អ្នកនយោបាយខ្មែរ មិនជម្រុះចោល គំនុំសងសឹង ហើយថាជាគំរូអាក្រក់ដល់អ្នកដឹកនាំជំនាន់ក្រោយ ៕