ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានប្តេជ្ញាចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើកំណែទម្រង់លើវិស័យដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរ បន្ទាប់ពីលោកវិលត្រឡប់ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូនវិញ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពីបញ្ចប់វេទិកាពិភាក្សាអំពីវិស័យពាណិជ្ជកម្ម និងអប់រំនៅកម្ពុជាបច្ចុប្បន្ន រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៦ នេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីជំនួបពាណិជ្ជករខ្មែរ-ថៃ នៅទីស្តីការក្រសួង
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពីការប្តេជ្ញាចិត្តរបស់ខ្លួន បន្ទាប់ពីមានការផ្លាស់ប្តូរតួនាទីទៅដឹកនាំ ក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ លោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា លោកនឹងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីកំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូនឱ្យបានជោគជ័យ តាមការត្រូវការរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ។
ការប្តេជ្ញារបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្លាស់ប្តូររូបលោកពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ការកែទម្រង់នេះ គឺជាភាពចាំបាច់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារកាន់តែខ្ពស់ថែមទៀត ហើយលោកក៏ស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន ក្នុងការផ្លាស់ប្តូររូបលោកទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ។
លោកបញ្ជាក់ថា ការត្រឡប់ទៅដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន វិញនេះ លោកនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យប្រសើរចំពោះការផ្តល់សេវាសាធារណៈនានា ដូចជា ការចេញប័ណ្ណបើក ការធ្វើឈៀកឡាន ការសាងសង់ផ្លូវ និងស្តារផ្លូវដែកឡើងវិញ ឱ្យមានលក្ខណៈកាន់តែប្រសើរឡើងជាងមុន។
«ខ្ញុំក៏ធ្លាប់កាន់ក្រសួងនេះមួយអាណត្តិដែរ ហើយខ្ញុំត្រឡប់ទៅវិញនេះ ដើម្បីជួយធ្វើម៉េចឱ្យការរីកចម្រើនក្នុងវិស័យផ្តល់សេវា ឱ្យបានល្អ កសាងផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័នឱ្យបានល្អ រៀបចំធ្វើយ៉ាងណាឱ្យប្រព័ន្ធដឹកជញ្ជូនយើងនេះ មានតម្លៃទាបជាងមុន ដើម្បីយើងងាយស្រួលទាក់ទាញវិយោគមកដាក់ទុននៅកម្ពុជាយើងផង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍»។
លោក ស៊ុន ចាន់ថុល បានអះអាងថា ការងារមុនដំបូងដែលលោកត្រូវធ្វើ ដើម្បីកំណែទម្រង់វិស័យដឹកជញ្ជូន គឺត្រូវដោះស្រាយបញ្ហាដឹកជញ្ជូនឱ្យបានលឿនបំផុត ដើម្បីទាក់ទាញវិនិយោគគិន និងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
គួររំឭកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសំណើរុះរើរដ្ឋមន្ត្រីចំនួន ៨ក្រសួង ទៅកាន់រដ្ឋសភា។ ហើយរដ្ឋសភា ក៏គ្រោងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី០៤ ខែមេសា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលអាណត្តិទី ០៣ ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨ ។ ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ លោកក៏ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ក្រោយមកទៀត នៅខែកញ្ញា ឆ្នាំ ២០១៣ លោកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរហូតមកដល់បច្ចុប្បន្ននេះ៕