ភ្នំពេញ៖ ការប្រកួតកីឡាដណ្តើមជើងឯក ”បាល់គប់បាល់” នេះ មានក្រុមកីឡាករកម្ពុជា និងក្រុមកីឡាករបរទេសជាច្រើនរូប នឹងធ្វើការប្រកួតប្រជែងបង្ហាញពីជំនាញនៃកាលេងបាល់គប់របស់ខ្លួនទៅកាន់អ្នកទស្សនា។

សកម្មភាពការប្រកួត «បាល់គប់បាល់»
កម្មវិធីប្រកួតនេះ ធ្វើឡើងនៅកីឡាដ្ឋាន Premium អាស័យដ្ឋានផ្ទះលេខ ៣០ ផ្លូវ ៣៤៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ១៩ ខែមីនានេះ ចាប់ពីវេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ០៣ រសៀល។
សូមបញ្ជាក់ថា ការប្រកួត «បាល់គប់បាល់» គឺជាការប្រកួតដែលមានលក្ខណៈប្លែកពិសេស និងខុសគ្នាពីកីឡាបាល់ផ្សេងៗ។ ការប្រកួតនេះ ក្រុមនីមួយៗ នឹងតម្រូវឱ្យណែនាំសមាសភាពក្រុម ធ្វើការរចនាម៉ូដឯកសណ្ឋាន ការសម្ដែងក្បាច់រាំ ការបង្ហាញម៉ូដ។ ក្រោយពីចប់ការប្រកួតនឹងមានកម្មវិធីប្រគល់ពានរង្វាន់ មេដាយ និងរង្វាន់ជូនដល់ជ័យលាភីដែលឈ្នះ។
តាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី ការប្រកួតដណ្តើមជើងឯកបាល់គប់បាល់នេះ នឹងមានអ្នកចូលរួមប្រហែលជាង ១៥០ នាក់ ដែលក្នុងនោះ មានកីឡាករប្រមាណ ៨០ នាក់ ជាជនជាតិខ្មែរ និងបរទេសដែលមកពីស្ថាប័នផ្សេងៗ ដូចជាអង្គការមិនមែនរដ្ឋាភិបាល ពាណិជ្ជករ និងសិស្ស-និស្សិតមហាវិទ្យាល័យជាដើម៕